កុមារដ្ឋាននិងមត្តេយ្យ
កុមារតូច លូតលាស់ កាយ-ចិត្ត និងបញ្ញា បានល្អបំផុតតាមរយៈការលេង។
តាមក្របខ័ណ្ឌអប់រំចំណេះទូទៅ និងបច្ចេកទេស អនុម័តដោយក្រសួងអប់រំ យុវជន និងកីឡា សិស្សថ្នាក់កុមារដ្ឋាននិងមត្តេយ្យសិក្សារបស់យើង រៀនតាមវិធីសាស្រ្ត លេងដើម្បីរៀន រៀនតាមរយៈការលេង ដើម្បីបង្កើនចំណេះដឹងអំពី ការស្គាល់ និងអានព្យញ្ជនៈខ្មែរ ស្រៈ ព្យាង្គ ពាក្យ និងឃ្លា រាប់លេខ គូរលេខពីរខ្ទង់ ស្គាល់ វត្ថុ ទំហំ និងរង្វាស់។
សិស្សអភិវឌ្ឍជំនាញក្នុងការប្រើប្រាស់ភាសាខ្មែរសម្រាប់ការនិយាយ ការស្តាប់ និងការប្រាស្រ័យទាក់ទង ប្រើគណិតវិទ្យា (រាប់ គូរ និងប្រៀបធៀប) អនុវត្តអនាម័យសម្រាប់រាងកាយ ប្រើបំណិនចលករតូច-ធំ ផ្តល់ហេតុផលស្តីពីសកម្មភាពផ្ទាល់ខ្លួន ការប្រើពាក្យ និងកាយវិការសមរម្យជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងអ្នកដទៃ ស្គាល់ខុស ស្គាល់ត្រូវ។
ជាងនេះទៀត សិស្សមានអាកប្បកិរិយាវិជ្ជមានក្នុងការសិក្សា ចូលចិត្តសិក្សា ហានសួរ ចង់រៀនអ្វីដែលថ្មី និងប្លែក ចេះចែករំលែក និងសហការគ្នា ចូលចិត្ត ចម្រៀង របាំ និងភ្លេងប្រពៃណីខ្មែរ ស្រលាញ់បរិស្ថានស្អាត ស្រលាញ់ខ្លួនឯង គ្រួសារ មិត្តភក្តិ លោកគ្រូ អ្នកគ្រូ និងមនុស្សផ្សេងទៀត។





មើលសិស្សមត្តេយ្យដ៏គួរឱ្យស្រឡាញ់កំពុងសិក្សាដោយរីករាយ ដើម្បីក្លាយជាអ្នកច្នៃប្រឌិតដ៏មានសក្តានុពល។
កុមារដ្ឋាននិងមត្តេយ្យសិក្សាស្មាធ-ឃីដ
មុខវិជ្ជាសិក្សា
ចិត្តចលភាព បុរេគណិត ភាសាខ្មែរ វិទ្យាសាស្ត្រ សិក្សាសង្គម
សកម្មភាពផ្សេងៗ-ក្លឹបសិក្សា
សិល្បៈទស្សនីយភាព ឬសិល្បៈសម្តែង : គំនូរខ្មៅដៃ និងគំនូរប្រេង, ក្រុមចម្រៀង
ក្លឹប
- ហែលទឹក
- ទម្រង់របាំខ្មែរ
- ទម្រង់របាំបច្ចឹមប្រទេស
- សមាធិ / យូហ្គា
- តេក្វាន់ដូ
- Kun Lbokarto (ក្បាច់គុនខ្មែរ)
វិធីសាស្រ្ត
ផ្តោតលើចំណាប់អារម្មណ៍
ការចង់ដឹងចង់ឃើញរបស់កុមារតូចត្រូវបានយកចិត្តទុកដាក់ និងផ្តល់អាទិភាព។ គ្រូកុមារតូចរបស់យើង តាក់តែង និងរចនាកម្រងអត្ថបទសិក្សាសប្បាយបែបអប់រំ ដើម្បីឆ្លើយតបនឹងចំណាប់អារម្មណ៍របស់ពួកគេ។
ទីពិសោធន៍ស្ទីម
ល្បែងសិក្សាជាច្រើន រាប់ពីគម្រោងទោលទៅគម្រោងក្រុមតូច ព្រមជាមួយនឹងប្រដាប់ក្មេងលេងឆ្លាតវៃ ត្រូវបានអនុវត្តនៅទីនេះ ដើម្បីកុមារតូចស្វែងយល់ និងទទួលបានចំណេះដឹងអំពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម ឬសហគ្រិនភាព សិល្បៈ ឬស្ថាបត្យកម្ម និងគណិតវិទ្យា។
សម្រាកប្រមូលថាមពល
វិសាលភាពនៃការផ្តោតអារម្មណ៍ជាមធ្យមរបស់កុមារតូចៗភាគច្រើនមានរយៈពេលពី១៥ទៅ៣០នាទី ដូច្នេះ ការសម្រាកពីការសិក្សាក្នុងថ្នាក់ ហើយមកចូលរួមក្នុងសកម្មភាពអប់រំកាយ និងសិល្បៈ គឺជាវិធីសាស្រ្តល្អបំផុតសម្រាប់កុមារស្តារថាមពល និងផ្តោតអារម្មណ៍ឡើងវិញ។
បង្កើនទំនុកចិត្ត
ខណៈដែលសិស្សកំពុងស្ថិតនៅក្នុងថ្នាក់ រៀនមុខវិជ្ជា ចិត្តចលភាព និងសិក្សាសង្គម ការចុះសួរសុខទុក្ខដោយផ្ទាល់របស់ឪពុកម្តាយ នាយកសាលា អ្នកគ្រប់គ្រង អ្នកពន្លត់អគ្គីភ័យ មន្រ្តីប៉ូលីស អ្នកថែសួន កសិករ គឺជាការលើកទឹកចិត្តសិស្សឱ្យមានការប្រាស្រ័យទាក់ទងឆ្លងវ័យលើប្រធានបទផ្សេងៗគ្នា ហើយទទួលបានចំណេះដឹងថ្មីៗ និងបង្កើនទំនុកចិត្តលើខ្លួនឯងបន្តិចម្តងៗ។
ចំណេះដឹងសកល
សិស្សទទូលបានចំណេះដឹងមិនត្រឹមតែនៅក្នុងថ្នាក់រៀន ប៉ុន្តែនៅគ្រប់ទីកន្លែង។ ពីរដងក្នុងមួយឆ្នាំសិក្សា កុមារតូច មានឱកាសរីករាយនឹងទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់នូវអ្វីថ្មីៗក្នុងផ្នែកផ្សេងៗនៃសហគមន៍របស់ពួកគេ។




